ប៉ាគីស្ថាន៖ ក្នុងរយៈពេលជិតមួយខែ ចុងឆ្នាំ២០១៩នេះ កងទ័ពជំនាញរបស់ប្រទេសឥណ្ឌា បានបាញ់សាកល្បងមីស៊ីល និងជើងទម្របាញ់គ្រាប់រ៉ូកែតជាញឹកញាប់ ខណៈដែលឥណ្ឌាមានភាពតានតឹង ជាមួយប្រទេសប៉ាគីស្ថាន លើសំណុំរឿងតំបន់កាស្មៀរ នេះបើតាមការផ្សព្វផ្សាយ របស់ប្រព័ន្ធ RT។
កាលពីថ្ងៃចន្ទទី២៣ ខែធ្នូនេះ កងទ័ពជំនាញរបស់ប្រទេសឥណ្ឌា បានសាកល្បងបានដោយជោគជ័យ នូវមីស៊ីលប្រភេទថ្មី ដែលជាប្រភេទមីស៊ីលបាញ់ពីដីទៅលើអាកាស ក្នុងប្រតិកម្មលឿនបំផុត (Quick Reaction Surface-to-Air Missile) ដែលហៅកាត់ថា QRSAM។
ប្រភពដដែលបានបន្តថា ការបាញ់សាកល្បងមីស៊ីលប្រភេទថ្មីនេះ ត្រូវបានធ្វើឡើងនៅឆ្នេរសមុទ្រភាគខាងកើតឥណ្ឌា ហើយតាមគម្រោង មេដឹកនាំឥណ្ឌានឹងប្រគល់មីស៊ីលប្រភេទថ្មីនេះ ទៅឲ្យកងទ័ពរបស់ខ្លួននៅឆ្នាំ២០២១ខាងមុខ ដែលមីស៊ីលនេះអាចវាយប្រហារ ទៅលើសត្រូវក្នុងប្រតិកម្មក្នុងរយៈចម្ងាយ ៣០គីឡូម៉ែត្រ និងអាចវាយប្រហារចំគោលដៅ បានល្អបំផុតក្នុងសមរភូមិ។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន អង្គការស្រាវជ្រាវ និងអភិវឌ្ឍន៍ការពារជាតិឥណ្ឌា (India’s Defense Research and Development Organization) ដែលហៅកាត់ថា DRDO បានសាកល្បងប្រព័ន្ធបាញ់គ្រាប់រ៉ូកែត រយៈចម្ងាយឆ្ងាយពហុជំនាញបានដោយជោគជ័យដែរ៕
No comments:
Post a Comment